ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគត ហៅថា ឃ្លាតចាកធម្មវិន័យនេះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង ទើបតថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយសីល តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយសមាធិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយបញ្ញា តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយវិមុត្តិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ ។
បុគ្គលដែលឃ្លាតចាក (ធម្មវិន័យ) រមែងធ្លាក់ចុះ បុគ្គលដែលធ្លាក់ចុះ ជាអ្នកជាប់ជំពាក់ដោយរាគៈ រមែងមក (កាន់ជាតិ ជរា ព្យាធិ មរណៈ) ម្តងទៀត
ID: 636853389047628450
ទៅកាន់ទំព័រ៖