ព្រះត្រៃបិដក ភាគ ៤២
ភិក្ខុណា ដឹងសភាពដ៏ល្អិត នូវរូបក្ខន្ធផង នូវហេតុជាដែនកើតឡើង នៃវេទនាខន្ធផង សញ្ញាខន្ធតាំងឡើង ដោយហេតុណា ដល់នូវការរលត់ទៅ ក្នុងទីណា (ដឹងច្បាស់នូវហេតុនោះ ដឹងទីនោះ) ផង ដឹងនូវសង្ខារក្ខន្ធ ថាជារបស់អ្នកដទៃ គឺមិនទៀង ជាទុក្ខ មិនមែនជារបស់ខ្លួនផង ភិក្ខុនោះ ឈ្មោះថា ឃើញដោយប្រពៃ ជាអ្នកស្ងប់រម្ងាប់ ត្រេកអរក្នុងសន្តិបទ គឺព្រះនិព្វាន បានឈ្នះនូវមារព្រមទាំងវាហនៈ គឺសេនាហើយ រមែងទ្រទ្រង់ទុកនូវរាងកាយ ក្នុងភពជាទីបំផុត។
[១៧] ម្នាលភិក្ខុទាំងឡាយ ការលុះអគតិ (សេចក្តីលំអៀង) នេះ មាន ៤ យ៉ាង។ អគតិ ៤ យ៉ាង តើដូចម្តេច។ គឺលុះអគតិ ព្រោះសេចក្តីស្រឡាញ់ ១ លុះអគតិ ព្រោះសេចក្តីស្អប់ ១ លុះអគតិ ព្រោះសេចក្តីល្ងង់ ១ លុះអគតិ ព្រោះសេចក្តីខ្លាច ១។ ម្នាលភិក្ខុទាំងឡាយ ការលុះអគតិ មាន ៤ យ៉ាង ប៉ុណ្ណេះ។
ID: 636853413664676465
ទៅកាន់ទំព័រ៖