ព្រះត្រៃបិដក ភាគ ៤២
(បើ) កិច្ច (ដោយមគ្គ ទាំង៤) បុគ្គលនោះ បានធ្វើស្រេចហើយ បានត្រេកអរហើយ ក្នុងគុណជាត ដែលបុគ្គលគប្បីត្រេកអរ សេចក្តីសុខបានមក ដោយសេចក្តីសុខ(១) (រមែងមានដល់បុគ្គលនោះ)។
[៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ ៤ យ៉ាង រមែងរក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង បាននូវបាបដ៏ច្រើនផង។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលនោះ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយពោលសរសើរ បុគ្គលដែលគួរតិះដៀល ១ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយពោលតិះដៀល បុគ្គលដែលគួរសរសើរ ១ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយកើតសេចក្តីជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ មិនបានពិចារណាស្ទាបស្ទង់មើល ហើយកើតសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលគួរជ្រះថ្លា ១។
(១) សេចក្តីសុខ បានដល់ព្រមហើយ ដោយសេចក្តីសុខ គឺថា សេចក្តីសុខជាទិព្វ សម្រេចមកដោយសេចក្តីសុខ ជារបស់មនុស្ស សេចក្តីសុខរបស់វិបស្សនា សម្រេចមកដោយសេចក្តីសុខរបស់ឈាន សេចក្តីសុខ របស់មគ្គ សម្រេចមក ដោយសេចក្តីសុខរបស់វិបស្សនា សេចក្តីសុខរបស់ផល សម្រេចមកដោយសេចក្តីសុខរបស់មគ្គ សេចក្តីសុខរបស់ព្រះនិព្វាន សម្រេចមកដោយសេចក្តីសុខរបស់ផល។ អដ្ឋកថា។
ID: 636853389463282224
ទៅកាន់ទំព័រ៖