ព្រះត្រៃបិដក ភាគ ៤២
បានដល់ ស្វែងរក ត្រេចរង្គាត់រក អារម្មណ៍នោះ តថាគត បានដឹងជាក់ស្តែងហើយ ដោយសារចិត្ត ព្រោះហេតុនោះ បានជាគេហៅថា តថាគត។ ម្នាលភិក្ខុទាំងឡាយ តថាគតបានត្រាស់ ក្នុងរាត្រីណា បរិនិព្វាន ក្នុងរាត្រីណា តែងពោលចរចា សំដែងចេញនូវវាចាណា ក្នុងចន្លោះនោះ កិច្ច មានការត្រាស់ដឹង ជាដើមទាំងនោះ ដូច្នោះមែន មិនមែនជាមិនមែនទេ ព្រោះហេតុនោះ បានជាគេហៅថា តថាគត។ ម្នាលភិក្ខុទាំងឡាយ តថាគតថាយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ថាយ៉ាងនោះ ថាយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ថាយ៉ាងនោះ ហេតុនោះ ទើបបានជាគេហៅថា តថាគត ។ ម្នាលភិក្ខុទាំងឡាយ តថាគត ជាអ្នកគ្របសង្កត់ អង់អាច ជាអ្នកឃើញពិត មានអំណាចគ្របសង្កត់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេសបាន ហេតុនោះ បានជាគេហៅថា តថាគត។
បុគ្គលណា ដឹងច្បាស់នូវលោកទាំងអស់ ដឹងច្បាស់ ក្នុងលោកទាំងអស់ តាមពិត ផុតចាកលោកទាំងអស់ មិនមានការកពូន ក្នុងលោកទាំងអស់ បុគ្គលនោះឯង ជាអ្នកប្រាជ្ញ គ្របសង្កត់នូវអារម្មណ៍ទាំងអស់បាន
ID: 636853417070621274
ទៅកាន់ទំព័រ៖