ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ទាំង ៤ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលខ្លួនជីកគាស់ កំចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង រមែងបាននូវបាប ដ៏ច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌ ៤ យ៉ាង រមែងរក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង។ ធម៌ ៤ តើដូចម្តេចខ្លះ។ គឺបុគ្គលនោះ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបពោលតិះដៀលបុគ្គល ដែលគួរតិះដៀល ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបពោលសរសើរបុគ្គល ដែលគួរសរសើរ ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្តីមិនជ្រះថ្លា ក្នុងហេតុដែលមិនគួរជ្រះថ្លា ១ ពិចារណា ស្ទាបស្ទង់មើលរួចហើយ ទើបកើតសេចក្តីជ្រះថ្លា ក្នុងហេតុដែល គួរជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត ឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌ ៤ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលខ្លួនមិនបានជីកគាស់ មិនបានកំចាត់គុណចោល ជាអ្នកមិនមានទោសផង មិនមានសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង តែងបាននូវបុណ្យដ៏ច្រើនផង។
ID: 636853389693895415
ទៅកាន់ទំព័រ៖