ព្រះត្រៃបិដក ភាគ ៤២
បណ្តាពួកជន សង្រួមដោយខ្លួនឯង ព្រះតថាគត ជាតាទិបុគ្គល មិនគប្បីជឿពាក្យដទៃ ដែលពិតក្តី មិនពិតក្តី។ ពួកសត្វឃើញសរ គឺទិដ្ឋិនោះ មុនបំផុត ហើយជ្រុលជ្រប់ជាប់នៅ ក្នុងអារម្មណ៍ណា តថាគតដឹងច្បាស់ ឃើញច្បាស់ នូវសរ គឺអារម្មណ៍នោះ ដូច្នោះ សេចក្តីជ្រុលជ្រប់ (ដោយសរ គឺទិដ្ឋិ) នោះ មិនមានដល់ព្រះតថាគតទាំងឡាយឡើយ។
[២៦] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ដើម្បីកុហកមហាជន ក៏ទេ ដើម្បីល្បួងលួងមហាជន ក៏ទេ ដើម្បីលាភសក្ការៈ និងសេចក្តីសរសើរជាអានិសង្ស ក៏ទេ ដើម្បីបានអានិសង្ស ព្រោះការដោះ នូវពាក្យជនដទៃ ដូច្នេះ ដូច្នោះ ថា មហាជន ចូរស្គាល់នូវតថាគត ដូច្នេះ ក៏ទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រព្រឹត្តព្រហ្មចារ្យនេះ ដើម្បីសង្រួម ដើម្បីលះ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ តែប៉ុណ្ណេះឯង។
ID: 636853418364925304
ទៅកាន់ទំព័រ៖