ព្រះត្រៃបិដក ភាគ ៤២
មានចិត្តនឹងធឹង ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ ឈ្មោះថា ជាអ្នករាប់អានតថាគតផង ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ មិនប្រាសចាកធម្មវិន័យនេះផង ពួកភិក្ខុទាំងនោះ តែងដល់នូវសេចក្តីចំរើនដុះដាល ធំទូលាយ ក្នុងធម្មវិន័យនេះផង។
ពួកភិក្ខុណា កុហក រឹងរូស រឡេះរឡោះ មានកិលេសលេចឡើង ប្រាកដដូចជាស្នែង ដំឡើងមានះ មានចិត្តមិននឹងធឹង ភិក្ខុទាំងនោះ រមែងមិនដុះដាល ក្នុងធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយទេ។ ភិក្ខុណា ជាអ្នកមិនកុហក មិនរឡេះរឡោះ ជាអ្នកខ្ជាប់ខ្ជួន មិនរឹងរូស មានចិត្តនឹងធឹង ភិក្ខុទាំងនោះ ទើបដុះដាល ក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធសំដែងហើយ។
[២៨] ម្នាលភិក្ខុទាំងឡាយ វត្ថុ ៤ យ៉ាងនេះ ជារបស់តិចផង បានដោយងាយផង មិនមានទោសផង។ វត្ថុ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាចីវរទាំងឡាយ បង្សុកូលចីវរ ជារបស់តិចផង បានដោយងាយផង មិនមានទោសផង ១ ម្នាលភិក្ខុទាំងឡាយ បណ្តាភោជនទាំងឡាយ ដុំបាយ ដែលភិក្ខុបានដោយកំឡាំង នៃកំភួនជើង ជារបស់តិចផង
ID: 636853418909886474
ទៅកាន់ទំព័រ៖