ព្រះត្រៃបិដក ភាគ ៤២
មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបាន ១។ ម្នាលភិក្ខុទាំងឡាយ ធម្មបទ ៤ យ៉ាងនេះឯង ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ មិនអាចតិះដៀលបានឡើយ។
ភិក្ខុគប្បីជាអ្នកមិនមានអភិជ្ឈា មានចិត្តមិនប្រកបដោយព្យាបាទ បរិបូណ៌ដោយស្មារតី មានចិត្តតាំងនៅនឹង ក្នុងអារម្មណ៍តែមួយ មានចិត្តតាំងនៅមាំ ជាកណ្តាល។
[៣១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ សម័យនោះ ពួកបរិព្វាជកដ៏ច្រើន ជាអ្នកចេះដឹង អាស្រ័យនៅក្នុងអារាម នៃបរិព្វាជក ក្បែរឆ្នេរស្ទឹងឈ្មោះ សិប្បិនី បរិព្វាជកទាំងនោះ គឺអន្នភារបរិព្វាជក ១ វធរបរិព្វាជក ១ សកុលុទាយិបរិព្វាជក ១ និងពួកបរិព្វាជក ជាអ្នកចេះដឹងឯទៀត។
ID: 636853420878179054
ទៅកាន់ទំព័រ៖