ព្រះត្រៃបិដក ភាគ ៤២
ម្នាលបរិព្វាជកទាំងឡាយ អ្នកនោះឯង នឹងឃាត់ហាម នូវអព្យាបាទ ជាធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ អ្នកមានចិត្តព្យាបាទ អ្នកមានគំនិត ដែលទោសប្រទូស្តហើយ ថាជាសមណៈ ឬព្រាហ្មណ៍ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិព្វាជកទាំងឡាយ អ្នកណាគប្បីនិយាយ យ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាម នូវសម្មាសតិ ជាធម្មបទនោះ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានសតិ មិនមានសម្បជញ្ញៈ ថាជាសមណៈ ឬព្រាហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគត ត្រូវនិយាយនឹងអ្នកនោះ ចំពោះហេតុនុ៎ះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក។ ម្នាលបរិព្វាជកទាំងឡាយ អ្នកនោះឯង នឹងឃាត់ហាម នូវសម្មាសតិ ជាធម្មបទ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានសតិ មិនមានសម្បជញ្ញៈ ថាជាសមណៈ ឬព្រាហ្មណ៍ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ។ ម្នាលបរិព្វាជកទាំងឡាយ អ្នកណាគប្បីនិយាយ យ៉ាងនេះថា អាត្មាអញ នឹងឃាត់ហាមសម្មាសមាធិ ជាធម្មបទនុ៎ះ ហើយបញ្ញត្តបុគ្គលណាមួយ ដែលមិនមានចិត្តដំកល់មាំ ដែលមានចិត្តរវើរវាយ ថាជាសមណៈ ឬព្រាហ្មណ៍ កាលបើអ្នកនោះ និយាយដូច្នេះហើយ តថាគត ត្រូវនិយាយចំពោះហេតុនុ៎ះ យ៉ាងនេះថា អ្នកចូរមក ចូរនិយាយដោះស្រាយទៅមើល តថាគត នឹងមើលអានុភាពរបស់អ្នក។
ID: 636853421467342752
ទៅកាន់ទំព័រ៖