ព្រះត្រៃបិដក ភាគ ៤២
សមណៈ ឬព្រាហ្មណ៍ទាំងឡាយណា ជាអ្នកភ្លេចស្មារតី មិនមានសម្បជញ្ញៈ សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ បើអ្នកដ៏ចំរើន តិះដៀល ឃាត់ហាមសម្មាសមាធិ ជាធម្មបទថា សមណៈ ឬព្រាហ្មណ៍ទាំងឡាយណា មានចិត្តមិនដម្កល់មាំ មានចិត្តរវើរវាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីបូជារបស់អ្នកដ៏ចំរើន សមណៈ ឬព្រាហ្មណ៍ទាំងឡាយនោះ ជាទីសរសើរ របស់អ្នកដ៏ចំរើន ១។ ម្នាលបរិព្វាជកទាំងឡាយ អ្នកណាគប្បីសំគាល់ នូវធម្មបទទាំង ៤ នេះ ថាជារបស់ដែលគេគួរតិះដៀល គួរឃាត់ហាម គន្លងនៃពាក្យប្រកបដោយហេតុទាំង ៤នេះ ក៏មកកាន់ហេតុ ដែលគេគួរតិះដៀល ចំពោះអ្នកនោះ ក្នុងបច្ចុប្បន្ននេះ។ ម្នាលបរិព្វាជកទាំងឡាយ ជនទាំងឡាយ ពីរនាក់ គឺវស្សៈ ១ ភញ្ញៈ ១ ជាអ្នកនៅក្នុងឧក្កលជនបទ ជាអហេតុកវាទ អកិរិយវាទ និងនត្ថិកវាទ ក៏ជនទាំងពីរនាក់នោះ បានសំគាល់ នូវធម្មបទទាំង ៤ នេះ ថាជារបស់ដែលមិនត្រូវតិះដៀល ថាជារបស់ដែលមិនត្រូវឃាត់ហាមឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះខ្លាចគេនិន្ទា ពេបជ្រាយ តិះដៀលដល់ខ្លួន។
ID: 636853421799171731
ទៅកាន់ទំព័រ៖