ព្រះត្រៃបិដក ភាគ ៤២
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ កាលណាព្រះតថាគត បានត្រាស់ឡើង ក្នុងលោក ជាអ្នកឆ្ងាយចាកកិលេស ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលដទៃប្រៀបផ្ទឹមមិនបាន ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ បានត្រាស់ដឹង នូវអរិយសច្ចធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ ទ្រង់សំដែងធម៌ថា សក្កាយ ដូច្នេះ ការកើតនៃសក្កាយ ដូច្នេះ ការរលត់នៃសក្កាយ ដូច្នេះ បដិបទា ដំណើរទៅកាន់ទីរលត់ នៃសក្កាយ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាណា ដែលមានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន ឋិតនៅលើវិមានទាំងឡាយដ៏ខ្ពស់ អស់កាលយូរ ពួកទេវតាទាំងនោះ បានស្តាប់នូវធម៌ទេសនា របស់ព្រះតថាគត ហើយច្រើនតែភិតភ័យ សង្វេគ ញ័រចំប្រប់គ្រប់គ្នាថា ម្នាលអ្នកដ៏ចំរើន ពួកយើងមិនទៀងទេតើ តែពួកយើងសំគាល់ថា ទៀង ម្នាលអ្នកដ៏ចំរើន ពួកយើងមិនមាំមួនទេតើ តែពួកយើងសំគាល់ថា មាំមួន ម្នាលអ្នកដ៏ចំរើន ពួកយើងមិនឋិតថេរទេតើ តែពួកយើងសំគាល់ថា ឋិតថេរ ម្នាលអ្នកដ៏ចំរើន ពួកយើងមិនទៀង មិនមាំមួន មិនឋិតថេរទេ (ព្រោះ) រាប់បញ្ចូលក្នុងសក្កាយ គឺខន្ធទាំង ៥ 
            
            
         
        
            
                ID: 636853422946217339 
                
            
            
                ទៅកាន់ទំព័រ៖