ព្រះត្រៃបិដក ភាគ ៤២
តថាគតប្រាថ្នាដើម្បីសម្រេច នូវគំនិតណា ក៏សម្រេចនូវគំនិតនោះបាន មិនប្រាថ្នាសម្រេច នូវគំនិតណា ក៏មិនសម្រេច នូវគំនិតនោះឡើយ ម្នាលព្រាហ្មណ៍ តថាគត ដល់នូវចេតោវសី ក្នុងផ្លូវវិតក្កៈទាំងឡាយ ម្នាលព្រាហ្មណ៍ តថាគត បានមិនបាច់ប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ នូវឈាន ទាំង ៤ ដែលកើតក្នុងចិត្ត ដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នហើយ ម្នាលព្រាហ្មណ៍ តថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។
បុគ្គលណាជាអ្នកដឹងនូវឧបាយជាគ្រឿងរួចអំពីអន្ទាក់ នៃមច្ចុមារ របស់ពួកសត្វទាំងពួង ប្រកាសនូវញេយ្យធម៌ ជាប្រយោជន៍ ដល់ទេវតា និងមនុស្សទាំងឡាយ ជនច្រើន បានឃើញ បានស្តាប់បុគ្គលណាហើយ ជ្រះថ្លា បុគ្គលណា ជាអ្នកឈ្លាសវៃ នូវមគ្គ និងមិនមែនមគ្គ មានសោឡសកិច្ច ធ្វើស្រេចហើយ មិនមានអាសវៈ ដឹងនូវសច្ចៈ ទាំង ៤ មានសរីរៈតាំងនៅ ក្នុងទីបំផុត តថាគត ហៅបុគ្គលនោះ ថាជាមហាបុរស។
ID: 636853424854666496
ទៅកាន់ទំព័រ៖