ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរសមានចក្ខុ ឈរក្បែរមាត់ច្រាំង នៃអន្លង់ទឹក គប្បីឃើញត្រីតូចកំពុងងើបឡើង បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ការងើបឡើង នៃត្រីនេះ យ៉ាងណា មួយទៀត ការពន្លៀកនៃត្រីនេះ យ៉ាងណា សន្ទុះនៃត្រីនេះ យ៉ាងណា ត្រីនេះជាត្រីតូច ត្រីនេះ មិនមែនជាត្រីធំទេ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលសាកច្ឆា ជាមួយនឹងបុគ្គលផងគ្នា រមែងដឹងច្បាស់ យ៉ាងនេះថា សេចក្តីវាងវៃ ក្នុងប្រស្នា របស់លោកដ៏មានអាយុនេះ យ៉ាងណា។បេ។ លោកដ៏មានអាយុនេះ ជាអ្នកឥតប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកមានប្រាជ្ញាទេ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលក្នុងលោកនេះ កាលសាកច្ឆាជាមួយនឹងបុគ្គលផងគ្នា រមែងដឹងយ៉ាងនេះថា សេចក្តីវាងវៃ ក្នុងប្រស្នារបស់លោកដ៏មានអាយុនេះ យ៉ាងណា មួយទៀត អភិនីហារ នៃលោកដ៏មានអាយុនេះ យ៉ាងណា ការចោទសួរនូវប្រស្នា នៃលោកដ៏មានអាយុនេះ យ៉ាងណា លោកដ៏មានអាយុនេះ ជាអ្នកមានប្រាជ្ញា លោកដ៏មានអាយុនេះ មិនមែនជាអ្នកឥតប្រាជ្ញាទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ដោយសេចក្តីពិត លោកដ៏មានអាយុនេះ តែងសំដែងនូវអត្ថ និងបទដ៏ជ្រៅ ដ៏ស្អាត ឧត្តម បុគ្គលមិនគប្បីស្ទង់ ប្រមើលដោយការត្រិះរិះ ជាធម៌ល្អិត
ID: 636853715274037534
ទៅកាន់ទំព័រ៖