ព្រះត្រៃបិដក ភាគ ៤៣
បានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ចំណែកអាត្មាអញ ចាំបាច់និយាយធ្វើអ្វី។ លុះសម័យខាងក្រោយមក ភិក្ខុនោះ អាស្រ័យមានះ ហើយលះបង់មានះបាន។ ពាក្យណា ដែលយើងពោលហើយថា ម្នាលនាង កាយនេះ កើតមកដោយមានះ បុគ្គលអាស្រ័យនូវមានះហើយ គប្បីលះមានះចេញ ដូច្នេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលនាង កាយនេះ កើតមកដោយមេថុន បុគ្គលត្រូវលះបង់ នូវមេថុនចេញ ព្រោះមេថុននោះ ព្រះដ៏មានព្រះភាគ ត្រាស់ថាជាទោស តែងសម្លាប់នូវហេតុ។ លំដាប់នោះ នាងភិក្ខុនីនោះ ក្រោកអំពីគ្រែ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបចុះទៀបព្រះបាទា នៃព្រះអានន្ទដ៏មានអាយុ ដោយសិរសា ហើយពោលខមាទោស នឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ទោសកំហុសត្រូវនូវខ្ញុំម្ចាស់ហើយ ដោយខ្ញុំម្ចាស់ជាស្រ្តីល្ងង់ ជាស្រ្តីវង្វេង ជាស្រ្តីមិនឈ្លាសវៃ យ៉ាងណា ខ្ញុំម្ចាស់ឯណា បានធ្វើអំពើយ៉ាងនេះ បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះអានន្ទជាម្ចាស់ អត់នូវទោសកំហុស តាមទោសកំហុស ដល់ខ្ញុំម្ចាស់នោះ ដើម្បីនឹងសង្រួមតទៅ។
ID: 636853691204770850
ទៅកាន់ទំព័រ៖