ព្រះត្រៃបិដក ភាគ ៤៣
កាលសេចក្ដីលោភកើតឡើង ក្នុងសន្ដាននៃបុរស កើតឡើងដើម្បីជាប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនជាប្រយោជន៍ទេ ម្នាលភទ្ទិយៈ បុរសបុគ្គលនេះ ជាអ្នកល្មោភ ដែលលោភៈគ្របសង្កត់ហើយ មានចិត្ត ដែលលោភៈរួបរឹតហើយ តែងសម្លាប់នូវសត្វខ្លះ កាន់យកទ្រព្យ ដែលគេមិនបានឲ្យខ្លះ ប្រព្រឹត្តខុស ក្នុងភរិយាអ្នកដទៃខ្លះ ពោលពាក្យកុហកខ្លះ បបួលអ្នកដទៃ ដោយអំពើនោះខ្លះ ដែលឲ្យប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ អស់កាលជាយូរអង្វែងមែនឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មែនហើយ។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច ទោសៈ... មោហៈ... ការប្រណាំងប្រជែង កាលកើតឡើង ខាងក្នុងសន្ដានចិត្ត របស់បុរស រមែងកើតឡើង ដើម្បីជាប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនជាប្រយោជន៍ទេ។ ម្នាលភទ្ទិយៈ បុរសបុគ្គលនេះ ជាអ្នកប្រណាំងប្រជែង ដែលការប្រណាំងប្រជែង គ្របសង្កត់ហើយ មានចិត្ត ដែលការប្រណាំងប្រជែងរួបរឹតហើយ តែងសម្លាប់សត្វខ្លះ កាន់យកទ្រព្យ ដែលគេមិនបានឲ្យខ្លះ ប្រព្រឹត្តខុស ក្នុងភរិយារបស់បុគ្គលដទៃខ្លះ ពោលពាក្យកុហកខ្លះ បបួលអ្នកដទៃ ដោយអំពើនោះខ្លះ ដែលជាហេតុ ឲ្យប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ អស់កាលជាយូរអង្វែង មែនឬទេ។
ID: 636853716180259367
ទៅកាន់ទំព័រ៖