ព្រះត្រៃបិដក ភាគ ៤៣
មិនប្រព្រឹត្តខុស ក្នុងភរិយារបស់បុគ្គលដទៃ មិននិយាយកុហក ទាំងបបួលបុគ្គលដទៃ ដើម្បីអំពើនោះ ដែលជាហេតុ ឲ្យប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែង។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះមែន។ ម្នាលភទ្ទិយៈ អ្នកសំគាល់សេចក្ដីនេះ ដូចម្ដេច ធម៌ទាំងនេះ ជាកុសល ឬជាអកុសល ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងនេះ ជាកុសល។ ប្រកបដោយទោស ឬមិនប្រកបដោយទោសទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនប្រកបដោយទោសទេ។ វិញ្ញូជនតិះដៀល ឬវិញ្ញូជនសរសើរ។ បពិត្រព្រះអង្គដ៏ចំរើន វិញ្ញូជនសរសើរ។ ធម៌ទាំងឡាយ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ឬមិនមែនទេ ឬមួយក្នុងដំណើរនោះ មានប្រការ ដូចម្ដេចទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ក្នុងដំណើរនោះ យើងខ្ញុំ ព្រះអង្គយល់យ៉ាងនេះ។
ID: 636853716919291637
ទៅកាន់ទំព័រ៖