ព្រះត្រៃបិដក ភាគ ៤៣
ព្រះអានន្ទតបថា អើនាង ទោសកំហុស ត្រូវនាងហើយ ដោយសារនាងជាស្រ្តីល្ងង់ ជាស្រ្តីវង្វេង ជាស្រ្តីមិនឈ្លាសវៃ យ៉ាងណា នាងបានធ្វើអំពើយ៉ាងនេះ ម្នាលនាង កាលណាបើនាងឃើញទោសកំហុស តាមទោសកំហុស ហើយសំដែងឲ្យសមគួរតាមធម៌ យើងនឹងទទួលទោសកំហុសនោះ របស់នាង ម្នាលនាង ស្រ្តីឯណា បានឃើញទោសកំហុស តាមទោសកំហុស ហើយសំដែង ឲ្យសមគួរតាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ នោះជាសេចក្តីចំរើន របស់ស្រ្តីនោះ ក្នុងវិន័យរបស់ព្រះអរិយៈ។
[១០] ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគតក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុង លោក ការនោះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រះសុគត ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត កើតឡើង ក្នុងលោកនេះ ជាអរហន្ត សម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន
ID: 636853691417693029
ទៅកាន់ទំព័រ៖