ព្រះត្រៃបិដក ភាគ ៤៣
ហេតុនុ៎ះ នឹងមានប្រាកដ ដល់បុរសនោះ គឺថា ដើមសាលព្រឹក្សនឹងលិចចុះ ឯបុរស ក៏នឹងដល់នូវសេចក្ដីមិនចំរើន នឹងវិនាសទៅមិនខាន មានឧបមាយ៉ាងណា។ ម្នាលសាឡ្ហៈ ពួកសមណព្រាហ្មណ៍ណា ជាអ្នកពោលនូវតបោជិគុច្ឆា មានតបោជិគុច្ឆា ជាខ្លឹមសារ ជាប់ជំពាក់ក្នុងតបោជិគុច្ឆា សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរដើម្បីរលាស់ខ្លួនចេញចាកឱឃៈបានឡើយ។ ម្នាលសាឡុ្ហៈ មួយទៀត ពួកសមណព្រាហ្មណ៍ណា ដែលមានកាយសមាចារមិនបរិសុទ្ធ មានវចីសមាចារមិនបរិសុទ្ធ មានមនោសមាចារមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរដើម្បីញាណទស្សនៈ ដើម្បីត្រាស់ដឹង (នូវអរហត្ត) ដ៏ប្រសើរបាន មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលសាឡ្ហៈ ចំណែកពួកសមណព្រាហ្មណ៍ណា ជាអ្នកមិនពោលនូវតបោជិគុច្ឆា មិនមានតបោជិគុច្ឆា ជាខ្លឹមសារ មិនជាប់ជំពាក់ ក្នុងតបោជិគុច្ឆា សមណព្រាហ្មណ៍ទាំងនោះ ទើបគួរដើម្បីរលាស់ខ្លួន ចេញចាកឱឃៈបាន។ ម្នាលសាឡ្ហៈ មួយទៀត ពួកសមណព្រាហ្មណ៍ណា មានកាយសមាចារបរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានមនោសមាចារបរិសុទ្ធ មានអាជីវៈបរិសុទ្ធ សមណព្រាហ្មណ៍ទាំងនោះ ទើបគួរដើម្បីញាណទស្សនៈ ដើម្បីត្រាស់ដឹង (នូវអរហត្ត) ដ៏ប្រសើរបាន។
ID: 636853721005975382
ទៅកាន់ទំព័រ៖