ព្រះត្រៃបិដក ភាគ ៤៣
ប្រជុំនៃជនដែលកើតខាងក្រោយ គឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុជាថេរៈទាំងនោះ ប្រជុំនៃជនទាំងនោះឯង ជាអ្នកប្រតិបត្តិ ដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈ ក្នុងវិវេក មិនបា្ររព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស សាបសូន្យនៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស សាបសូន្យនៃព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ នេះ ប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាស សាបសូន្យទៅ។ ធម៌ ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រ ដែលខ្លួនរៀនត្រូវ ដោយបទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ រមែងយល់សេចក្តីបានងាយ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅ នៃព្រះសទ្ធម្ម មិនឲ្យវិនាស សាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាអ្នកប្រដៅងាយ
ID: 636853691972114740
ទៅកាន់ទំព័រ៖