ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកដុតកំដៅខ្លួន ប្រកបព្យាយាម ជាគ្រឿងដុតកំដៅខ្លួនផង ជាអ្នកដុតកំដៅបុគ្គលដទៃ ប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនជាអ្នកដុតកំដៅខ្លួន មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅខ្លួន មិនជាអ្នកដុតកំដៅបុគ្គលដទៃ មិនប្រកបការព្យាយាម ជាគ្រឿងដុតកំដៅបុគ្គលដទៃ តើដូចម្ដេច។ ឯបុគ្គលមិនជាអ្នកដុតកំដៅខ្លួន មិនជាអ្នកដុតកំដៅបុគ្គលដទៃនោះឯង ជាអ្នកឥតមានតណ្ហា គ្រឿងស្រេកឃ្លាន រលត់កិលេស មានសន្ដានដ៏ត្រជាក់ ទទួលសុខ ជាប្រក្រតី សម្រេចសម្រាន្ដនៅ ដោយចិត្តដ៏ប្រសើរក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ លុះព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មាន ជាសាសា្ដនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹង នូវចតុរារិយសច្ច លែងវិលមកកាន់ភពថ្មីទៀត កើតឡើងក្នុងលោកនេះ ព្រះអង្គបាន ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជា សម្មតិទេព និងមនុស្សដ៏ពិសេស ហើយអាចនឹងប្រកាសបាន។
ID: 636853724336395871
ទៅកាន់ទំព័រ៖