ព្រះត្រៃបិដក ភាគ ៤៣
ត្រេកអរក្នុងសេចក្ដីព្រមព្រៀង រីករាយក្នុងសេចក្ដីព្រមព្រៀង ជាអ្នកពោលវាចាដែលធ្វើឲ្យព្រមព្រៀងគ្នា លះបង់នូវផរុសវាចា វៀរស្រឡះចាកផរុសវាចា វាចាណា ដែលឥតទោស ជាសុខដល់ត្រចៀក គួរឲ្យអ្នកផងស្រឡាញ់ពេញហឫទ័យ ជាសំដីអ្នកក្រុង ជាទីត្រេកអរ ដល់ជនច្រើននាក់ ជាទីពេញចិត្តដល់ជនច្រើននាក់ ក៏ពោលតែវាចាបែបនោះ លះបង់នូវសម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកពោលពាក្យក្នុងការគួរ ពោលតែពាក្យដែលពិតបា្រកដ ពោលតែពាក្យដែលជាអត្ថ ពោលតែពាក្យដែលជាធម៌ ពោលតែពាក្យដែលជាវិន័យ ពោលតែពាក្យមានឱកាសជាទីដំកល់ទុកក្នុងហឫទ័យ ប្រកបដោយគ្រឿងអាង មានគ្រឿងកំណត់ ប្រកបដោយប្រយោជន៍ តាមកាលគួរ។ បុគ្គលនោះ វៀរស្រឡះចាកកិរិយាធ្វើពីជគាម និងភូតគាមឲ្យវិនាស ជាអ្នកបរិភោគភត្តតែមួយពេល វៀរបរិភោគក្នុងរាត្រី វៀរបរិភោគក្នុងកាលខុស វៀរចាកការមើល នូវល្បែងរាំច្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌ វៀរចាកការទ្រទ្រង់ការប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ វៀរចាកទីដេក ទីអង្គុយដ៏ប្រសើរ វៀរចាកការទទួលនូវមាស និងបា្រក់ វៀរចាកការទទួលនូវធញ្ញជាតិស្រស់ វៀរចាកការទទួលសាច់ឆៅ
ID: 636853724889317496
ទៅកាន់ទំព័រ៖