ព្រះត្រៃបិដក ភាគ ៤៣
វៀរចាកការទទួលស្រី និងកុមារី វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស វៀរចាកការទទួលពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី គោ សេះឈ្មោល ញី វៀរចាកការទទួលស្រែ និងចម្ការ វៀរចាកការប្រកបនូវទូតកម្ម គឺការនាំសំបុត្រ ឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយគេប្រើអំពីផ្ទះមួយទៅផ្ទះមួយ វៀរចាកការទិញ និងការលក់ដូរ វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង បញ្ឆោតដោយភាជន៍ ក្រឡៃមាស (ជាដើម) បញ្ឆោតដោយរង្វាស់រង្វាល់ វៀរចាកការប្រកបនូវអំពើវៀច បញ្ឆោតបំភាន់ បញ្ឆោតបោកប្រាស បន្លំដោយរបស់ក្លែង វៀរចាកការកាត់ (នូវអវយវៈ មានដៃជាដើម) សម្លាប់ចាប់ចង លាក់ខ្លួនពួនចាំធ្វើអំពើអាក្រក់ និងកំហែងយកទ្រព្យគេ។ បុគ្គនោះ ជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ និងបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ កាលបើចេញទៅកាន់ទីណាៗ ក៏កាន់យកតែ (បរិក្ខារ) ប៉ុណ្ណោះចេញទៅ។ ដូចជា សកុណជាតិ មានស្លាប ទោះហើរទៅកាន់ទីណា ៗ ក៏មានតែស្លាបរបស់ខ្លួន ជាភារៈ ប៉ុណ្ណោះ ហើរទៅ យ៉ាងណា ភិក្ខុជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ និងបណ្ឌិតបាត ជាគ្រឿងរក្សាផ្ទៃ ទោះទៅកាន់ទីណា ក៏កាន់យកតែ (បរិក្ខារ) ប៉ុណ្ណោះ ហើយចេញទៅ យ៉ាងនោះដែរ។
ID: 636853725060377280
ទៅកាន់ទំព័រ៖