ព្រះត្រៃបិដក ភាគ ៤៣
បុគ្គលនោះ កាលបើចិត្តដំកល់មាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវការមិនរំភើបទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ គឺបា្រជ្ញាជាគ្រឿងដឹងនូវចុតិ និងបដិសន្ធិ នៃសត្វទាំងឡាយ បុគ្គលនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធស្អាត កន្លងបង់នូវចក្ខុ ជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត និងកើតឡើង ថោកទាប និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ រមែងដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ៎្ន សត្វពួកនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ កាន់យកនូវអំពើជាមិច្ឆាទិដ្ឋិ សត្វពួកនោះ លុះទំលាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក អើហ៎្ន ចំណែកឯពួកសត្វនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល នូវព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ កាន់យកនូវអំពើជាសម្មាទិដ្ឋិ សត្វពួកនោះ លុះទំលាយរាងកាយស្លាប់ទៅ រមែងចូលទៅកាន់លោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ដូច្នេះ
ID: 636853725924106683
ទៅកាន់ទំព័រ៖