ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់ សត្វ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងកិរិយាវៀរចាកការសម្លាប់សត្វផង។បេ។ មានសេចក្ដីឃើញត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញត្រូវផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលល្អ ក្រៃលែងជាងបុគ្គលល្អ។
[៥៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបុគ្គលលាមកផង នូវបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមកផង នូវបុគ្គលល្អផង នូវបុគ្គលល្អ ក្រៃលែងជាង បុគ្គលល្អផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្ដាប់នូវពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលលាមក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មានសេចក្ដីឃើញខុស។បេ។ មានញាណខុស មានការរួចខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលលាមក។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលលាមក ក្រៃលែងជាងបុគ្គលលាមក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញខុសផង។បេ។ មានញាណខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងញាណខុសផង មានការរួចខុស ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការរួចខុសផង។
ID: 636853744331759540
ទៅកាន់ទំព័រ៖