ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលលាមក ក្រៃលែងជាងបុគ្គលលាមក។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញត្រូវ។បេ។ មានញាណត្រូវ មានការរួចត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលល្អ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលល្អ ក្រៃលែងជាងបុគ្គលល្អ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្ដីឃើញត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងសេចក្ដីឃើញត្រូវផង។បេ។ មានញាណត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងញាណត្រូវផង មានការរួចត្រូវ ដោយខ្លួនឯងផង ទាំងបបួលជនដទៃ ក្នុងការរួចត្រូវផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលល្អ ក្រៃលែងជាងបុគ្គលល្អ។
[៥៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវបុគ្គលមានធម៌អាក្រក់ផង នូវ បុគ្គលមានធម៌អាក្រក់ក្រៃលែង ជាងបុគ្គលមានធម៌អាក្រក់ផង នូវបុគ្គលមានធម៌ល្អផង នូវបុគ្គលមានធម៌ល្អ ក្រៃលែងជាងបុគ្គលមានធម៌ល្អផង ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្ដាប់នូវពាក្យនោះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានធម៌អាក្រក់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ។បេ។
ID: 636853744521110370
ទៅកាន់ទំព័រ៖