ព្រះត្រៃបិដក ភាគ ៤៣
[៦២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ បុគ្គលប្រកបដោយធម៌ ៤យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ មិច្ឆាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាងនេះ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ បុគ្គលប្រកបដោយធម៌ ៤យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ សម្មាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាងនេះឯង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។
[៦៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តើដូចម្ដេច។ (គឺប្រកប) ដោយកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ អកតញ្ញុអកតវេទិតា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។
ID: 636853745770771847
ទៅកាន់ទំព័រ៖