ព្រះត្រៃបិដក ភាគ ៤៣
បើតាមប្រក្រតី មិនមែនជាអ្នកមានមោហៈក្លៀវក្លា តែងមិនទទួលទុក្ខទោមនស្ស ដែលកើតអំពីមោហៈរឿយៗ។ ឥន្រ្ទិយទាំង ៥ នេះគឺ សទ្ធិន្រ្ធិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ក្លៀវក្លា រមែងកើតបា្រកដ ដល់បុគ្គលនោះ ព្រោះតែឥន្រ្ទិយ ទាំង៥នេះ ក្លៀវក្លាដែរ បុគ្គលនោះ រមែងសម្រេចអនន្តរិយគុណ ដើម្បីអស់អាសវៈទាំងឡាយបានឆាប់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទស្រួល ទាំងត្រាស់ដឹង ក៏បានឆាប់។ ម្នាលភិក្ខុទាំងឡាយ បដិបទា មាន ៤យ៉ាងនេះឯង។
[១៣] ម្នាលភិក្ខុទាំងឡាយ បដិបទានេះ មាន ៤។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទ លំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិប័ទលំបាក តែត្រាស់ដឹងឆាប់ ១ ប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ១។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកពិចារណាឃើញគ្រឿងមិនស្អាត ក្នុងកាយ កំណត់សេចក្តីបដិកូល ក្នុងអាហារ កំណត់សេចក្តីមិនត្រេកអរ ក្នុងលោកទាំងពួង ឃើញនូវសេចក្តីមិនទៀង ក្នុងសង្ខារទាំងពួង មួយទៀត ភិក្ខុនោះ កំណត់សេចក្តីស្លាប់ ដម្កល់ទុកដោយប្រពៃ ឰដ៏ខាងក្នុង។
ID: 636853693225316419
ទៅកាន់ទំព័រ៖