ព្រះត្រៃបិដក ភាគ ៤៣
តាក់តែងកាយសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ តាក់តែងវចីសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ តាក់តែងមនោសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ លុះបុគ្គលនោះ តាក់តែងកាយសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ តាក់តែងវចីសង្ខារ មានទោសខ្លះ មិនមានទោសខ្លះ តាក់តែងមនោសង្ខារ មានទោសខ្លះ មិនមានទោសខ្លះហើយ រមែងចូលទៅកាន់លោក ប្រកបដោយទុក្ខខ្លះ មិនមានទុក្ខខ្លះ ផស្សៈទាំងឡាយ ប្រកបដោយទុក្ខខ្លះ មិនប្រកបដោយទុក្ខខ្លះ រមែងពាល់ត្រូវនូវបុគ្គលនោះ ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខខ្លះ មិនមានទុក្ខខ្លះ។ បុគ្គលនោះ កាលផស្សៈទាំងឡាយ ប្រកបដោយទុក្ខខ្លះ មិនមានទុក្ខខ្លះ ពាល់ត្រូវហើយ រមែងទទួលវេទនា ប្រកបដោយទុក្ខខ្លះ មិនមានទុក្ខខ្លះ មានសុខ និងទុក្ខច្រឡំគ្នា ដូចមនុស្សពួកខ្លះ ទេវតាពួកខ្លះ វិនិបាតពួកខ្លះ។ ម្នាលព្រាហ្មណ៍ នេះហៅថា កម្មទាំងខ្មៅ ទាំងស មានវិបាកទាំងខ្មៅ ទាំងស។ ម្នាលព្រាហ្មណ៍ ចុះកម្មមិនខ្មៅមិនស មានវិបាកមិនខ្មៅ មិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម តើដូចម្ដេច។
ID: 636853750494542031
ទៅកាន់ទំព័រ៖