ព្រះត្រៃបិដក ភាគ ៤៣
[៩០] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ធម៌ ៤ប្រការ តើដូចម្ដេចខ្លះ។ គឺកាយកម្ម ប្រកបដោយទោស ១ វចីកម្មប្រកបដោយទោស ១ មនោកម្មប្រកបដោយទោស ១ ទិដ្ឋិប្រកបដោយទោស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងទៅកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។ ធម៌ ៤ប្រការ តើដូចម្ដេចខ្លះ។ គឺកាយកម្មមិនមានទោស ១ វចីកម្មមិនមានទោស ១ មនោកម្មមិនមានទោស ១ ទិដ្ឋិមិនមានទោស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងទៅកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។
[៩១] ម្នាលភិក្ខុទាំងឡាយ សមណៈទី១ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី២ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី៣ ក៏មានក្នុងធម្មវិន័យនេះ សមណៈទី៤ ក៏មានក្នុងធម្មវិន័យនេះ បរប្បវាទ (លទ្ធិ) ទាំងឡាយ សូន្យចាកពួកសមណៈដទៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបន្លឺសីហនាទ ដោយប្រពៃយ៉ាងនេះចុះ។
ID: 636853752422132283
ទៅកាន់ទំព័រ៖