ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ មួយទៀត សិក្ខា
(១) ជាអាទិព្រហ្មចរិយកា ដែលតថាគត បានបញ្ញត្តដល់ពួកសាវក ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ដោយអាការទាំងពួង ម្នាលភិក្ខុទាំងឡាយ សិក្ខា ជាអាទិព្រហ្មចរិយកា ដែលតថាគតបានបញ្ញត្ត ដល់ពួកសាវក ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ដោយអាការទាំងពួង ដោយប្រការណាៗ សិក្ខាកាមភិក្ខុនោះ ក៏ធ្វើមិនឲ្យដាច់ ធ្វើមិនឲ្យធ្លុះ ធ្វើមិនឲ្យពពាល ធ្វើមិនឲ្យពព្រុស ក្នុងសិក្ខានោះ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ដោយប្រការនោះៗ។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈ មានសិក្ខា ជាអានិសង្សយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ មានបញ្ញាជាកំពូល តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ចតុសច្ចធម៌ ដែលតថាគតសំដែងហើយ ដល់សាវកទាំងឡាយ ក្នុងសាសនានេះ ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ ដោយអាការទាំងពួង ម្នាលភិក្ខុទាំងឡាយ ចតុសច្ចធម៌ ដែលតថាគតបានសំដែងហើយ ដល់ពួកសាវក ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ ដោយអាការទាំងពួង ដោយប្រការណាៗ បញ្ញាកាមភិក្ខុក៏បានឃើញច្បាស់ នូវចតុសច្ចធម៌ទាំងអស់នោះ ដោយប្រាជ្ញា ដោយប្រការនោះៗ។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈ មានបញ្ញាជាកំពូលយ៉ាងនេះ។
(១) សិក្ខាបទ ដែលមានក្នុងព្រះបាតិមោក្ខ ដែលជាពុទ្ធអាណា។
ID: 636853755234483140
ទៅកាន់ទំព័រ៖