ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ មានវិមុត្តិជាខ្លឹម តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ចតុសច្ចធម៌ ដែលតថាគតសំដែងហើយ ដល់ពួកសាវក ក្នុងសាសនានេះ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ដោយអាការទាំងពួង ម្នាលភិក្ខុទាំងឡាយ ចតុសច្ចធម៌ ដែលតថាគតសំដែងហើយ ដល់ពួកសាវក ដើម្បីឲ្យអស់ទុក្ខដោយប្រពៃ ដោយអាការទាំងពួង ដោយប្រការណាៗ ពួកសាវក ក៏បានពាល់ត្រូវចតុសច្ចធម៌ទាំងពួងនោះ ដោយវិមុត្តិ។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈ មានវិមុត្តិជាខ្លឹម យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ មានសតិ ជាអធិបតី តើដូចម្ដេច។ សតិដែលពួកសាវកបានដម្កល់ទុកប្រពៃ ឰដ៏ខាងក្នុងថា អាត្មាអញ នឹងបំពេញអភិសមាចារិកាសិក្ខា ដែលមិនទាន់បរិបូណ៌ និងឲ្យបរិបូណ៌ខ្លះ និងរក្សាទុកអភិសមាចារិកាសិក្ខា ដែលបរិបូណ៌ហើយ ដោយបញ្ញាក្នុងទីនោះៗខ្លះ ដោយប្រការដូច្នេះ។ សតិដែលពួកសាវក បានដម្កល់ទុកប្រពៃហើយ ឰដ៏ខាងក្នុងថា អាត្មាអញ នឹងបំពេញអាទិព្រហ្មចរិយកាសិក្ខា ដែលមិនទាន់បរិបូណ៌ ឲ្យបរិបូណ៌ខ្លះ និងរក្សាទុកនូវអាទិព្រហ្មចរិយកាសិក្ខា ដែលបរិបូណ៌ហើយ ដោយបញ្ញាក្នុងទីនោះៗខ្លះ ដោយប្រការដូច្នេះ។
ID: 636853755429694306
ទៅកាន់ទំព័រ៖