ព្រះត្រៃបិដក ភាគ ៤៣
ឥន្រ្ទិយទាំង ៥ នេះ គឺសទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ក្លៀវក្លា រមែងកើតបា្រកដ ដល់ភិក្ខុនោះ ព្រោះតែឥន្រ្ទិយទាំង ៥ នេះក្លៀវក្លាដែរ ភិក្ខុនោះ ក៏សម្រេចអនន្តរិយគុណ ដើម្បីអស់អាសវៈទាំងឡាយ បានឆាប់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទស្រួល ទាំងត្រាស់ដឹងក៏បានឆាប់។ ម្នាលភិក្ខុទាំងឡាយ បដិបទា មាន ៤ យ៉ាងនេះឯង។
[១៤] ម្នាលភិក្ខុទាំងឡាយ បដិបទានេះ មាន ៤យ៉ាង ។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទមិនអត់ធន់ ១ ប្រតិប័ទអត់ធន់ ១ ប្រតិប័ទទូន្មាន (ឥន្រ្ទិយ) ១ ប្រតិប័ទស្ងប់រម្ងាប់ (វិតក្កៈ) ១។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទមិនអត់ធន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជេរតបនឹងបុគ្គលដែលជេរ ខឹងតបនឹងបុគ្គល ដែលខឹង ប្រកួតប្រកាន់តប នឹងបុគ្គលដែលប្រកួតប្រកាន់។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ប្រតិប័ទមិនអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទអត់ធន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនជេរតបនឹងបុគ្គលដែលជេរ មិន ខឹងតបនឹងបុគ្គលដែលខឹង មិនប្រកួតប្រកាន់តបនឹងបុគ្គលដែលប្រកួតប្រកាន់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទអត់ធន់។
ID: 636853693978199481
ទៅកាន់ទំព័រ៖