ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ ចុះដំណេកព្រះតថាគត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណេកព្រះតថាគត។ ម្នាលភិក្ខុទាំងឡាយ នេះដំណេក ៤ ប្រការ។
[៩៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរបញ្ចុះទុកក្នុងថូបៈនេះ មាន៤ពួក។ បុគ្គល ៤ពួក ដូចម្តេចខ្លះ។ គឺព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ គួរបញ្ចុះក្នុងថូបៈ ១ ព្រះបច្ចេកពុទ្ធ គួរបញ្ចុះក្នុងថូបៈ ១ សាវករបស់ព្រះតថាគត គួរបញ្ចុះក្នុងថូបៈ ១ ស្តេចចក្រពត្តិ គួរបញ្ចុះក្នុងថូបៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ពួកនេះ គួរបញ្ចុះទុកក្នុងថូបៈ ។
[៩៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺការសេពគប់សប្បុរស ១ ការស្តាប់ធម៌របស់សប្បុរស ១ យកចិត្តទុកដាក់ដោយឧបាយ ១ ប្រតិបត្តិធម៌ ដ៏សមគួរតាមធម៌ ១។ ម្នាលភិក្ខុទំាងឡាយ នេះធម៌ ៤ប្រការ រមែងប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា។
ID: 636853756175966990
ទៅកាន់ទំព័រ៖