ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយសម្បុរ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបរិបូណ៌ដោយកម្លាំង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រារព្ធសេចក្ដីព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ឲ្យកុសលធម៌ទាំងឡាយកើតឡើង ជាអ្នកខំព្យាយាម ខ្នះខ្នែង មិនលះបង់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយកម្លាំង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបរិបូណ៌ដោយល្បឿន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ដោយល្បឿន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបរិបូណ៌ដោយកំពស់ និងទំហំ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្វាក់លាភ ចំពោះចីវរ បិណ្ឌបាត សេនាសនៈ និងបរិក្ខារ គឺថ្នាំ ជាបច្ច័យដល់អ្នកមានជំងឺ។
ID: 636853758912333501
ទៅកាន់ទំព័រ៖