ព្រះត្រៃបិដក ភាគ ៤៣
កម្មបថវគ្គ ទី៧
[១១៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ រមែងកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលដែលសម្លាប់សត្វ ដោយខ្លួនឯង ១ ដឹកនាំអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ ពេញចិត្តក្នុងការសម្លាប់សត្វ ១ ពោលសរសើរការសម្លាប់សត្វ
(១) ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលវៀរចាកការសម្លាប់សត្វដោយខ្លួនឯង ១ ដឹកនាំអ្នកដទៃ ក្នុងការវៀរចាកការសម្លាប់សត្វ ១ ពេញចិត្តក្នុងការវៀរចាកការសម្លាប់សត្វ ១ ពោលសរសើរការវៀរចាកការសម្លាប់សត្វ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។
(១) ការរាប់ ៤ៗនោះ ឲ្យរាប់ក្នុងមួយបទៗ គឺក្នុងមួយបទៗ ចែកការធ្វើជា៤ គឺធ្វើខ្លួនឯង ដឹកនាំអ្នកដទៃ ពេញចិត្ត និយាយសរសើរ។
ID: 636853759973844216
ទៅកាន់ទំព័រ៖