ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទ មិនអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទអត់ធន់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកអត់ធន់ ចំពោះត្រជាក់ ក្ដៅ សេចក្ដីឃ្លាន ស្រេក ចំពោះសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំ ចំពោះពាក្យសំដី ដែលអាក្រក់ជួជាតិ ជាអ្នកអត់ធ្មត់ ចំពោះវេទនា ដែលកើតឡើង ក្នុងសរីរៈរាងកាយ ដែលជាទុក្ខក្លៀវក្លា ក្រហល់ក្រហាយ ខ្លោចផ្សា មិនត្រជាក់ចិត្ត មិនគាប់ចិត្ត ដែលអាចនឹងឆក់យកជីវិតទៅបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រតិប័ទអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិប័ទទូន្មាន (នូវឥន្រ្ទិយ) តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវភិក្ខុ ដែលមិនសង្រួម នូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុតែមិនសង្រួមចក្ខុន្រ្ទិយឯណា ប្រតិប័ទដើម្បីសង្រួមចក្ខុន្រ្ទិយនោះ រក្សាចក្ខុន្ទ្រិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮនូវសំឡេងដោយត្រចៀក... ធុំក្លិន ដោយច្រមុះ... ទទួលរសដោយអណ្ដាត... ពាល់ត្រូវផោដ្ឋព្វៈដោយកាយ... ដឹងធម្មារម្មណ៍ដោយចិត្ត ហើយមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ
ID: 636853694584784176
ទៅកាន់ទំព័រ៖