ព្រះត្រៃបិដក ភាគ ៤៣
ម្នាលភិក្ខុទាំងឡាយ បណ្ដាបដិបទាទាំង ៤យ៉ាងនោះ បដិបទាណា ទាំងមានសេចក្ដី លំបាក ទាំងត្រាស់ដឹងបានក៏យឺតយូរ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថោកទាប ដោយហេតុ ២ ស្ថាន គឺថា ប្រតិប័ទលំបាក ចាត់ជាថោកទាប ដោយប្រតិប័ទលំបាក ១ ប្រតិប័ទត្រាស់ដឹងបានយឺតយូរ ចាត់ជាថោកទាប ដោយសេចក្ដីយឺតយូរ ១។ ម្នាលភិក្ខុទាំងឡាយ នេះចាត់ជាបដិបទាថោកទាប ដោយហេតុ ២ ស្ថាន។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបដិបទាទាំង ៤យ៉ាងនេះ បដិបទាណា លំបាក ត្រាស់ដឹងបានឆាប់ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថោកទាប ព្រោះសេចក្ដីលំបាក។ ម្នាលភិក្ខុ ទាំងឡាយ បណ្ដាបដិបទាទាំង ៤ យ៉ាងនោះ បដិបទាណា ស្រួល តែទាស់ត្រាស់ដឹង យឺតយូរ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថោកទាប ព្រោះត្រាស់ដឹងយឺតយូរ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបដិបទាទាំង ៤ នោះ បដិបទាណា ស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថ្លៃថ្លា ដោយហេតុ ២ ស្ថាន គឺថាប្រតិប័ទស្រួល ចាត់ជាថ្លៃថ្លា ដោយប្រតិប័ទ ១ បដិបទាណា ត្រាស់ដឹងបានឆាប់ ចាត់ជាថ្លៃថ្លា ដោយការត្រាស់ដឹងបានឆាប់ ១។ ម្នាលភិក្ខុទាំងឡាយ នេះចាត់ជាបដិបទាថ្លៃថ្លា ដោយហេតុ ២ ស្ថាន។ ម្នាលភិក្ខុទាំងឡាយ បដិបទា មាន៤យ៉ាងនេះឯង។
ID: 636853695002818086
ទៅកាន់ទំព័រ៖