ព្រះត្រៃបិដក ភាគ ៤៣
ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចំរើនសមថៈ មានវិបស្សនា ជាប្រធាន កាលលោកចំរើនសមថៈ មានវិបស្សនា ជាប្រធាន មគ្គក៏កើតឡើង។ លោកក៏បន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលបើលោកបន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ លោកក៏អាចលះបង់សញ្ញោជនៈបាន ទាំងអនុស័យក៏អស់ទៅ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុចំរើនសមថៈ និងវិបស្សនា ជាគូនឹងគ្នា កាលលោកចំរើនសមថៈ និងវិបស្សនា ជាគូនឹងគ្នា មគ្គក៏កើតឡើង។ លោកក៏បន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ កាលបើលោកបន្ទុំ ចំរើន ធ្វើឲ្យច្រើននូវមគ្គនោះ លោកក៏អាចលះបង់សញ្ញោជនៈបាន ទាំងអនុស័យក៏អស់ទៅ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ចិត្តរបស់ភិក្ខុ ដែលឧទ្ធច្ច (វិបស្សនូបក្កិលេស ១០) ក្នុងសមថៈ និងវិបស្សនាធម៌ កួចកាន់មាំ ម្នាលអាវុសោទាំងឡាយ ដល់សម័យដែលចិត្តឈប់នឹង ស្ងប់ស្ងៀម មានអារម្មណ៍ខ្ពស់ឯក នៅខាងក្នុង ជាសមាធិ មគ្គរមែងកើតឡើង ដល់ភិក្ខុនោះ។
ID: 636853696721786406
ទៅកាន់ទំព័រ៖