ព្រះត្រៃបិដក ភាគ ៤៣

​សញ្ចេ​ត​និ​យ​វគ្គ​ ​ទី៣​


 ​[​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​កាយទ្វារ​(​១​)​ ​មាន​ ​សុខទុក្ខ​ជា​ខាងក្នុង​ ​រមែង​កើតឡើង​ ​ព្រោះ​កាយ​សញ្ចេតនា​(​២​)​ ​ជាហេតុ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​វចីទ្វារ​ ​មាន​ ​សុខទុក្ខ​ជា​ខាងក្នុង​ ​រមែង​កើតឡើង​ ​ព្រោះ​វចី​សញ្ចេតនា​ជាហេតុ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មនោទ្វារ​ ​មាន​ ​សុខទុក្ខ​ជា​ខាងក្នុង​ ​រមែង​កើតឡើង​ ​ព្រោះ​មនោសញ្ចេតនា​ជាហេតុ​ ​ឬ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​តាក់តែង​កាយសង្ខារ​ ​ដោយខ្លួនឯង​ ​ដែល​ជា​បច្ច័យ​ ​នាំឲ្យ​សុខទុក្ខ​ជា​ខាងក្នុង​ ​កើតឡើង​ ​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដទៃ​តាក់តែង​កាយសង្ខារ​ ​ដែល​ជា​បច្ច័យ​ ​នាំឲ្យ​សុខទុក្ខ​ ​ជា​ខាងក្នុង​ ​កើតឡើង​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សេចក្ដី​ដឹង​ច្បាស់​(​៣​)​ ​តាក់តែង​កាយសង្ខារ​ ​ដែល​ជា​បច្ច័យ​ ​នាំឲ្យ​សុខទុក្ខ​ជា​ខាងក្នុង​ ​កើតឡើង​ក៏​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​មិន​មាន​សេចក្ដី​ដឹង​ច្បាស់​ ​តាក់តែង​កាយសង្ខារ​ ​ដែល​ជា​បច្ច័យ​ ​នាំឲ្យ​សុខទុក្ខ​ជា​ខាងក្នុង​ ​កើតឡើង​ក៏​មាន​។​ ​
​(​១​)​ ​នឹង​ហៅថា​ ​កាយវិញ្ញត្តិ​ ​ដូច្នេះ​វិញ​ក៏បាន​។​ ​(​២​)​ ​ការសម្រេច​នៃ​ចេតនា​ ​ក្នុង​កាយទ្វារ​ ​ហៅថា​ ​កាយ​សញ្ចេតនា​ ​ៗ​នោះ​ ​មាន២០​ ​គឺជា​កាមាវចរ​កុសល​ ​៨​ ​ជាអកុសល​ ​១២​។​ ​វចី​សញ្ចេតនា​ ​និង​មនោសញ្ចេតនា​ ​ក៏​ដូចគ្នានឹង​កាយ​សញ្ចេតនា​ដែរ​។​ ​(​៣​)​ ​គឺ​ដឹង​ច្បាស់​នូវ​កុសល​ ​ថា​កុសល​មែន​ ​បើជា​អកុសល​ ​ថា​អកុសល​មែន​ ​ដូច្នេះ​ជាដើម​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636853698381551339
ទៅកាន់ទំព័រ៖