ព្រះត្រៃបិដក ភាគ ៤៣
លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិត ដែលព្រះអង្គសំដែងសង្ខេបនេះ ខ្ញុំព្រះអង្គ អាចយល់សេចក្ដីដោយពិស្ដារបានយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបានអត្តភាពទាំង៤នោះ ការបានអត្តភាព ដែល សញ្ចេតនារបស់ខ្លួននាំទៅ មិនមែនជាសញ្ចេតនា របស់បុគ្គលដទៃនាំទៅ ការច្យុតិចាក កាយនោះ របស់ពួកសត្វទាំងនោះ រមែងមាន ព្រោះសញ្ចេតនារបស់ខ្លួនជាហេតុ។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបានអត្តភាពទាំង ៤ នោះ ការបានអត្តភាព ដែលសញ្ចេតនា របស់បុគ្គលដទៃនាំទៅ មិនមែនសញ្ចេតនា របស់ខ្លួននាំទៅ ការច្យុតិចាកកាយនោះ របស់ពួកសត្វទាំងនោះ រមែងមាន ព្រោះសញ្ចេតនារបស់បុគ្គលដទៃជាហេតុ។ បពិត្រព្រះអង្គដ៏ចំរើន បណ្ដាការបានអត្តភាពទាំង ៤ នោះ ការបានអត្តភាព ដែលសញ្ចេតនា របស់ខ្លួននាំទៅផង សញ្ចេតនា របស់បុគ្គលដទៃនាំទៅផង ការច្យុតិចាកកាយនោះ របស់ពួកសត្វទាំងនោះ រមែងមាន ព្រោះសញ្ចេតនា របស់ខ្លួនជាហេតុផង ព្រោះសញ្ចេតនា របស់បុគ្គលដទៃ ជាហេតុផង។
ID: 636853699006317073
ទៅកាន់ទំព័រ៖