ព្រះត្រៃបិដក ភាគ ៤៣

 ​[​២២​]​ ​ក្នុង​ទីនោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បាន​ហៅ​ពួក​ភិក្ខុ​មក​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​តប​ថេរ​វាចា​ ​នៃ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ព្រះករុណា​ ​អាវុសោ​។​ ​ទើប​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​មាន​ថេរ​វាចា​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ទើបនឹង​ទទួល​ឧបសម្បទា​ ​បាន​កន្លះ​ខែ​ ​ក៏អាច​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អត្ថប្បដិសម្ភិទា​ ​ដោយ​ចំណែក​ ​ដោយ​ព្យញ្ជនៈ​បាន​ ​ខ្ញុំ​នឹង​ប្រាប់​ ​នឹង​សំដែង​ ​នឹង​ធ្វើឲ្យ​ ​យល់​ច្បាស់​ ​នឹង​តាំងផ្ដើម​ ​នឹង​បើក​ ​នឹង​ចែក​ ​នឹង​ធ្វើឲ្យ​រាក់​ ​នូវ​អត្ថប្បដិសម្ភិទា​នោះ​ ​ដោយ​ ​អនេកបរិយាយ​បាន​។​ ​បើ​អ្នកណា​ ​មាន​សេចក្ដីសង្ស័យ​ ​ងឿងឆ្ងល់​ ​អ្នកនោះ​ ​ចូរ​សួរ​ប្រស្នា​នឹង​ខ្ញុំ​ចុះ​ ​ខ្ញុំ​នឹងអាច​ឆ្លើយ​ដោះស្រាយ​ ​ទាន់​ព្រះ​សាស្ដា​ ​ទ្រង់​ឆ្លៀវឆ្លាស​លើសលុប​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គង់នៅ​ចំពោះមុខ​យើង​ទាំងឡាយ​ស្រាប់ហើយ​។​ ​ម្នាល​អាវុសោ​ ​ទាំងឡាយ​ ​ខ្ញុំ​ទើបនឹង​ទទួល​ឧបសម្បទា​ ​បាន​កន្លះ​ខែ​ ​ក៏អាច​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម្មប្បដិ​សម្ភិទា​ ​ដោយ​ចំណែក​ ​ដោយ​ព្យញ្ជនៈ​បាន​ ​ខ្ញុំ​នឹង​បា្រប់​ ​នឹង​សំដែង​ ​នឹង​ធ្វើឲ្យ​យល់​ច្បាស់​ ​នឹង​តាំងផ្ដើម​ ​នឹង​បើក​ ​នឹង​ចែក​ ​នឹង​ធ្វើឲ្យ​រាក់​ ​នូវ​ធម្មប្បដិ​សម្ភិទា​នេះ​ ​ដោយ​អនេកបរិយាយ​បាន​។​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636853699863216085
ទៅកាន់ទំព័រ៖