ព្រះត្រៃបិដក ភាគ ៤៣
បបញ្ចធម៌ ក៏ប្រព្រឹត្តទៅបានដរាបនោះ បបញ្ចធម៌ នៅប្រព្រឹត្តទៅបានដរាបណា ផស្សាយតនៈ ទាំង ៦ ក៏នៅប្រព្រឹត្តទៅបាន ដរាបនោះ ម្នាលអាវុសោ ព្រោះផស្សាយតនៈ ទាំង ៦ វិនាស រលត់មិនមានសេសសល់ បបញ្ចធម៌ ក៏រលត់ទៅ បបញ្ចធម៌ ក៏ស្ងប់រម្ងាប់ទៅ។
[២៥] គ្រានោះ ព្រះឧបវានៈ ដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះ បញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះឧបវានៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏បានសួរព្រះសារីបុត្តដ៏មាន អាយុថា ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជាឬ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ។ ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយចរណៈឬ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ ។ ម្នាលអាវុសោ ចុះបុគ្គលធ្វើនូវទីបំផុតទុក្ខបាន ដោយវិជ្ជា និងចរណៈឬ។ ម្នាលអាវុសោ ដំណើរនេះ មិនដូច្នោះទេ។
ID: 636853701285177417
ទៅកាន់ទំព័រ៖