ព្រះត្រៃបិដក ភាគ ៤៣
ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់ បានទទួលចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រកអរ មិនឃាត់ហើយ ត្រូវរៀនបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើល ក្នុងសូត្រ ប្រៀបធៀបក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ មិនប្រជុំចុះ គឺមិនមានក្នុងសូត្រ ទាំងមិនឃើញប្រាកដ ក្នុងវិន័យផងទេ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះ ជាប្រាកដ ទំនងជាភិក្ខុនេះ រៀនខុសទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវចោលពាក្យនេះ ដោយទំនងដូច្នេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ ខ្ញុំបានស្តាប់ បានទទួលចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា
ID: 636853703956130186
ទៅកាន់ទំព័រ៖