ព្រះត្រៃបិដក ភាគ ៤៣
ទំនងជាព្រះថេរៈទាំងនោះ រៀនខុសហើយ ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយ ចោលពាក្យនេះ ដោយទំនង ដូច្នេះចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ពួកភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងអាវាសឯណោះ សុទ្ធតែជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះសាសា្ត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត របស់ភិក្ខុនោះឡើយ លុះអ្នកទាំងឡាយ មិនត្រេកអរ មិនឃាត់ហើយ ត្រូវរៀននូវបទ និងព្យញ្ជនៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើលក្នុងវិន័យ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងសូត្រ ប្រៀបធៀបមើល ក្នុងវិន័យទៅហើយ បើប្រជុំចុះក្នុងសូត្រផង ឃើញសម ក្នុងវិន័យផង អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនុ៎ះថា នេះជាព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ដោយពិត ជាពាក្យ ដែលព្រះថេរៈទាំងនោះ រៀនត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុក នូវមហាបទេស ជាគំរប់បីនេះចុះ។
ID: 636853704690292178
ទៅកាន់ទំព័រ៖