ព្រះត្រៃបិដក ភាគ ៤៣
យោធាជីវវគ្គ ទី ៤
[៣១] ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ (អ្នករស់នៅដោយឋានៈជាទាហាន) ប្រកប ដោយអង្គ ៤ ទើបគួរជារាជបុរស ជារាជបម្រើ រាប់ថាជាអង្គ (អវយវៈ) របស់ព្រះរាជា បាន។ អង្គ ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងជយភូមិ ១ ជាអ្នកបាញ់បានឆ្ងាយ ១ ជាអ្នកបាញ់ត្រង់ ១ ជាអ្នកអាចទំលាយ នូវកងទ័ពដ៏ធំបាន ១។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ប្រកបដោយអង្គ ៤ នេះឯង ទើបគួរជារាជបុរស ជារាជបម្រើ រាប់ថាជាអង្គ របស់ព្រះរាជាបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ប្រការ ទើបជាអ្នកគួរទទួលគ្រឿង ដែលគេនាំមកបូជា គួរទទួលរបស់ ដែលគេទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញកេ្ខត្ត ដ៏ប្រសើរបំផុត របស់សត្វលោក ក៏ដូច្នោះដែរ។ ប្រកបដោយអង្គ ៤ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាស ក្នុងជយភូមិ ១ ជាអ្នកបាញ់បានឆ្ងាយ ១ ជាអ្នកបាញ់ត្រង់ ១ ជាអ្នកទំលាយ នូវកងទ័ពដ៏ធំបាន ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកឈ្លាស ក្នុងជយភូមិ តើដូចម្ដេច។ ម្នាលភិក្នុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។
ID: 636853705607234624
ទៅកាន់ទំព័រ៖