ព្រះត្រៃបិដក ភាគ ៤៣

​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​រលត់ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​បាញ់​ត្រង់​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​ទំ​លាយ​កងទ័ព​ធំ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទំ​លាយ​គំនរ​អវិជ្ជា​ដ៏​ធំ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ទំ​លាយ​កងទ័ព​ធំ​បាន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​ប្រកបដោយ​ធម៌​ ​៤​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរ​ទទួល​គ្រឿងបូជា​។​បេ​។​ ​ជា​បុញ្ញក្ខេត្ត​ ​ដ៏​ប្រសើរ​បំផុត​ ​របស់​សត្វលោក​។​
 [​៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​មាន​សមណៈ​ក្ដី​ ​ព្រាហ្មណ៍​ក្ដី​ ​ទេវតា​ក្ដី​ ​មារ​ក្ដី​ ​ព្រហ្ម​ក្ដី​ ​ឬ​អ្នកណា​ក្នុង​លោក​ ​ជា​អ្នកធានា​ធម៌​ ​ទាំង​ ​៤​ ​យ៉ាង​បានទេ​។​ ​ធម៌​ទាំង​ ​៤​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​មិន​មាន​សមណៈ​ក្ដី​ ​ព្រាហ្មណ៍​ក្ដី​ ​ទេវតា​ក្ដី​ ​មារ​ក្ដី​ ​ព្រហ្ម​ក្ដី​ ​ឬ​អ្នកណាមួយ​ ​ក្នុង​លោក​ ​ជា​អ្នកធានា​ថា​ ​របស់​ដែល​មាន​សេចក្ដី​គ្រាំគ្រា​ជា​ធម្មតា​ ​កុំ​គ្រាំគ្រា​ឡើយ​ ​ដូច្នេះ​។​ ​មិន​មាន​សមណៈ​ក្ដី​ ​ព្រាហ្មណ៍​ក្ដី​ ​ទេវតា​ក្ដី​ ​មារ​ក្ដី​ ​ព្រហ្ម​ក្ដី​ ​ឬ​អ្នកណាមួយ​ ​ក្នុង​លោក​ ​ជា​អ្នកធានា​ថា​ ​របស់​ដែល​មាន​សេចក្ដី​ឈឺចាប់​ ​ជា​ធម្មតា​ ​កុំ​ឈឺចាប់​ឡើយ​ ​ដូច្នេះ​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636853705990336536
ទៅកាន់ទំព័រ៖