ព្រះត្រៃបិដក ភាគ ៤៣
ម្នាលព្រាហ្មណ៍ បុគ្គល អ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនធ្វើបាប មិនធ្វើអំពើអាក្រក់ មិនធ្វើអំពើលាមក ធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែអំពើជាទីការពារភ័យ បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើបុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ មិនដែលធ្វើអំពើបាប មិនធ្វើអំពើអាក្រក់ មិនធ្វើអំពើលាមកទេ ធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែអំពើជាទីការពារភ័យ អើហ្ន៎ គតិរបស់បុគ្គល ដែលមិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើលាមក ធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែអំពើជាទីការពារភ័យ ត្រឹមណា អាត្មាអញ លះលោកនេះហើយ នឹងទៅកាន់គតិនោះ។ បុគ្គលនោះ ក៏មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងយំទួញ មិនដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។
ID: 636853707828641681
ទៅកាន់ទំព័រ៖