ព្រះត្រៃបិដក ភាគ ៤៣
ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនមានសេចក្ដីសន្ទិះ សង្ស័យ ជាបុគ្គលជឿស៊ប់ ក្នុងព្រះសទ្ធម្ម បុគ្គលនោះ កើតរោគធ្ងន់ណាមួយ កាលបើ បុគ្គលនោះ កើតរោគធ្ងន់ណាមួយហើយ តែងត្រិះរិះ យ៉ាងនេះថា ឱ អាត្មាអញ លែងសន្ទិះ សង្ស័យ បានជឿស៊ប់ ក្នុងព្រះសទ្ធម្មហើយ។ បុគ្គលនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង យំទួញ មិនដល់នូវសេចក្ដីវង្វេង។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតានេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។ ម្នាលព្រាហ្មណ៍ បុគ្គលអ្នកមានសេចក្ដីស្លាប់ ជាធម្មតា ៤ ពួកនេះឯង តែងមិនខ្លាច មិនតក់ស្លុតនឹងសេចក្ដីស្លាប់។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ ។ បេ ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់សរណៈ ស្មើជីវិត តាំងពីថ្ងៃនេះទៅ។
[៣៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុង រាជគ្រឹះ។ សម័យនោះឯង បរិព្វាជកច្រើននាក់ សុទ្ធតែជាអ្នកល្បីឈ្មោះ អាស្រ័យនៅ ក្នុងបរិព្វាជការាម ក្បែរឆ្នេរស្ទឹងសប្បិនី គឺបរិព្វាជកឈ្មោះ អន្នភារៈ ១ វធរៈ ១ សកុលុទាយី ១
ID: 636853708028503113
ទៅកាន់ទំព័រ៖