ព្រះត្រៃបិដក ភាគ ៤៣
ពា្រហ្មណ៍កាលពោលដូច្នេះ ឈ្មោះថា ពោលពាក្យសច្ចៈ មិនមែនពោលមុសា ពា្រហ្មណ៍នោះ មិនប្រកាន់ថា ជាសមណៈ មិនប្រកាន់ថា ជាព្រាហ្មណ៍ មិនប្រកាន់ថា អញប្រសើរជាងគេ មិនប្រកាន់ថា អញស្មើនឹងគេ មិនប្រកាន់ថា អញថោកទាបជាងគេ ព្រោះសេចក្ដីយល់នោះ គ្រាន់តែប្រតិបត្តិ ដើម្បីនឿយណាយ ធុញទ្រាន់ រំលត់ភពទាំងឡាយ ព្រោះការត្រាស់ដឹងសច្ចៈនោះ ក្នុងដំណើរនោះប៉ុណ្ណោះ។ ម្នាលបរិព្វាជកទាំងឡាយ មួយទៀត ព្រាហ្មណ៍ពោលយ៉ាងនេះថា អាត្មាអញ មិនមានក្នុងវត្ថុនីមួយ មិនមានក្នុងកង្វល់អ្នកណាមួយ អ្នកដទៃក៏មិនមានក្នុងវត្ថុនីមួយ ទាំងវត្ថុនីមួយ របស់អ្នកដទៃ ក៏មិនមានក្នុងកង្វល់នីមួយរបស់អញ ព្រាហ្មណ៍កាលពោលយ៉ាងនេះ ឈ្មោះថា ពោលពាក្យសច្ចៈ មិនមែនពោលមុសាទេ ព្រាហ្មណ៍នោះ មិនប្រកាន់ថា ជាសមណៈ មិនប្រកាន់ថា ជាព្រាហ្មណ៍ មិនប្រកាន់ថា អញប្រសើរជាងគេ មិនប្រកាន់ថា អញស្មើនឹងគេ មិនប្រកាន់ថា អញថោកទាបជាងគេ ព្រោះសេចក្ដីយល់នោះ គ្រាន់តែប្រតិបត្តិ អាកិញ្ចញ្ញប្បដិបទា (ផ្លូវដែលឥតកង្វល់) ព្រោះការត្រាស់ដឹង នូវសច្ចៈនោះ ក្នុងដំណើរនោះប៉ុណ្ណោះ។ ម្នាលបរិព្វាជកទាំងឡាយ សច្ចៈរបស់ពួកព្រាហ្មណ៍ ទាំង ៤ នេះឯង តថាគត បានធ្វើឲ្យជាក់ច្បាស់ ដោយបា្រជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯងហើយ ទើបប្រកាសឲ្យដឹងច្បាស់។
ID: 636853708782516240
ទៅកាន់ទំព័រ៖