ព្រះត្រៃបិដក ភាគ ៤៣
[៣៦] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ ដ៏ចំរើន អ្វីដឹកនាំសត្វលោកទៅ អ្វីទង់ទាញសត្វលោកទៅ មួយទៀត សត្វលោក លុះអំណាចរបស់អ្វី ដែលកើតឡើង។ ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ សេចក្ដីឆ្លាស របស់អ្នកស្រួលហើយ សេចក្ដីវាងវៃរបស់អ្នកស្រួលហើយ សេចក្ដីសាកសួរល្អហើយ ម្នាលភិក្ខុ ដ្បិតថា អ្នកបានសួរយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីដឹកនាំសត្វលោកទៅ អ្វីទង់ទាញសត្វលោកទៅ មួយទៀត សត្វលោក លុះអំណាចរបស់អ្វី ដែលកើតឡើង។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនោះមែន។ ម្នាលភិក្ខុ ចិត្ត ដឹកនាំសត្វលោកទៅ ចិត្ត ទង់ទាញសត្វលោកទៅ សត្វលោក លុះអំណាចចិត្ត ដែលកើតឡើង។ ភិក្ខុនោះ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះដ៏មានព្រះភាគថា សាធុ ព្រះអង្គ ហើយក៏បានសួរប្រស្នា នឹងព្រះដ៏មានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែលព្រះអង្គត្រាស់ថា ជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ជាពហុស្សូត អ្នកទ្រទ្រង់ធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលជាពហុស្សូត អ្នកទ្រទ្រង់ធម៌ តើដោយហេតុដូចម្ដេច។
ID: 636853708982927703
ទៅកាន់ទំព័រ៖